ខេត្តកោះកុង/ ស្រុកថ្មបាំង
នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក ហាក់ ឡេង អភិបាលរង ខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោក ជំទាវ មិថុនា ភូថង បានចុះជួបដល់កងកំលាំងទាំង៣ប្រភេទ មន្ត្រីជំនាញនានា ព្រមទាំងអាជ្ញាធរមូលដ្ឋានទូទាំងស្រុក អោយយល់ដឹងច្បាស់អំពីច្បាប់ស្តីពីការ កាប់បំផ្លាញធនធានធម្មជាតិ ក្នុងតំបន់ការពារ។
នៅខណៈនោះ បានធ្វើបទបង្ហាញស្តីពី តំបន់ ព្រំប្រទល់រវាងដី ដែលស្ថិតនៅក្នុងតំបន់ការពារ និងដីដែលបានកាត់ឆ្កៀលរួច ការពារដោយមន្ទីរបរិស្ថានខេត្ត សំដៅផ្សព្វផ្សាយណែនាំច្បាប់ ដល់អាជ្ញាធរមូលដ្ឋាន អង្គភាពនានា និងអ្នកពាក់ព័ន្ធអោយយល់ដឹងច្បាស់ ព្រមទាំងទូលំទូលាយ។
ជាចុងក្រោយ លោក អភិបាលរង បានផ្តល់នូវអនុសាសន៍ ផ្តាំផ្ញើដល់ អង្គភាពនានាដែលមានភារកិច្ចការពារ ជាពិសេសអាជ្ញាធរមូលដ្ឋាន ដូចខាងក្រោម៖
១.ណែនាំឱ្យភូមិ ឃុំ ស្រុក ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្រ្តីឧទ្យានុរក្ស និងអ្នកពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងការពារធនធានធម្មជាតិនៅក្នុងតំបន់ការពារ
២.ណែនាំមេភូមិ និងមេឃុំ មិនត្រូវបញ្ជាក់អត្តសញ្ញាណដី ឬធ្វើជាសាក្សីក្នុងករណីដីនោះ ស្ថិតនៅក្នុងតំបន់ការពារ។
៣.ហាមកាប់រាន ឬឈូសឆាយទាំងដី ដែលកាត់ចេញពីតំបន់ការពារ និងដីដែលស្ថិតនៅក្នុងតំបន់ការពារ គ្មានច្បាប់អនុញ្ញាតិ។
៤.ហាមអាស្រ័យផលលើដី ដែលបានកាប់ឆ្ការក្នុងតំបន់ការពារ។
៥.បើចង់វាស់វែងដី ត្រូវសួរនាំមន្រ្តីវាស់វែងជាប្រព័ន្ធ និងអ្នកពាក់ព័ន្ធ ដើម្បីធានាបាននូវភាពស្របច្បាប់។
៦.ហាមវាស់វែងដីនៅក្នុងតំបន់ការពារ
៧.ណែនាំឱ្យភូមិ ឃុំ ស្រុក ក្រុមការងារដីរដ្ឋថ្នាក់ស្រុក និងអ្នកពាក់ព័ន្ធត្រូវរាយការណ៍ជាបន្ទាន់ ពីរឿងដែលពាក់ព័ន្ធការកាប់បំផ្លាញធនធានធម្មជាតិ នៅក្នុងតំបន់
ការពារ។
កត្តាទាំងនេះគឺជាភាពងាយស្រួល និងមិនមានជម្លោះ ដល់អ្នកដែលពាក់ពន្ធ័នានា ធានាតាមផ្លូវច្បាប់ ព្រមទាំងមិនបង្ករបញ្ហាក្នុងការដោះស្រាយ ឬខាតបង់៕








