ខេត្តកោះកុង កាលពីព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ លោក ហាក់ ឡេង អភិបាលរង ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងអាជ្ញាធរដែនដីពាក់ព័ន្ធ ស្តីពីការចូលកាប់រំលំដើមសំរ៉ង យកផ្លែក្នុងតំបន់ការពារ ព្រមទាំងបានចុះជួបសំណេះសំណាល និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលមកពីបណ្តារភូមិផ្សេងៗក្នុងខេត្ត ដែលបាននាំគ្នាមកកាប់រំលំដើមសំរ៉ង ស្ថិតក្នុងតំបន់ការពារ។
ជាលទ្ធផលក្នុងកិច្ចប្រជុំ និងចុះផ្សព្វផ្សាយណែនាំដល់ពលរដ្ឋ សម្រេចជាលទ្ធផល បានដូចខាងក្រោម៖
១.បានផ្សព្វផ្សាយច្បាប់ព្រៃឈើ ច្បាប់ស្តីពីគ្រប់គ្រងបរិស្ថាន និងការពារធនធានធម្មជាតិ ដល់ប្រជាពលរដ្ឋ ដែលទៅប្រមូលផលផ្លែសំរ៉ងឱ្យយល់ដឹងពីទោស នៃការបំផ្លិចបំផ្លាញធនធានធម្មជាតិ សំដៅណែនាំឱ្យប្រជាពលរដ្ឋគោរពច្បាប់ ចូលរួមថែរក្សាព្រៃឈើ និងបានអនុញ្ញាតិអោយបងប្អូនទៅប្រមូលផលផ្លែសំរ៉ងបាន ដែលជាអនុផលព្រៃឈើក្នុងតំបន់ការពារ ដោយមិនត្រូវកាប់រំលំដើមសំរ៉ងជាដាច់ខាត។
២.ណែនាំឱ្យប្រជាពលរដ្ឋ ចូលរួមដាំដើមសំរ៉ង នៅក្នុងសហគមន៍ ចម្ការ ឬព្រំរបង លំនៅដ្ឋានរបស់ខ្លួន ដើម្បីបានប្រមូលផលទៅតាមរដូវកាលនៃផ្លែសំរ៉ង។
ទាំងនេះជាការយកចិត្តទុកដាក់ខ្ព ស់របស់ថ្នាក់ដឹកនាំខេត្ត្ ក្នុងការណែនាំ ពលរដ្ឋមិនអោយ រលំដើម(កាប់ដើម) និងណែនាំអោយប្រមូលផលតាមលទ្ធភាពជាក់ស្តែង ព្រោះថា ផ្លែសំរ៉ង ផ្លែមានវេលាកាលកំណត់ ដើម្បីជីវភាពរបស់បងប្អូនទាំងអស់គ្នា៕សារ៉ាយ







